គួរដឹងថា៖ ការប្រើថ្នាំសម្រកគីឡូ និងការហាត់ប្រាណ មួយណាល្អសម្រាប់សុខភាព

មានមនុស្សជាច្រើនធាត់លើសគីឡូ ធ្វើឱ្យគាត់ពិបាកដើរ មានភាពខ្មាស់អៀន ហើយពួកគេចង់សម្រកគីឡូឱ្យបានរហ័ស មិនចង់ធ្វើលំហាត់ប្រាណ រួចក៏សម្រេចចិត្តប្រើថ្នាំសម្រកគីឡូ។ ថ្ងៃនេះ យើងមកដឹងថា ការប្រើថ្នាំសម្រកគីឡូ និងការធ្វើលំហាត់ប្រាណមួយណាល្អជាង?

នៅក្នុងសង្គមយើង មានអ្នកមួយចំនួនបានប្រើថ្នាំសម្រកគីឡូ ដើម្បីបានផលឱ្យលឿន តែមិនបានគិតពីកត្តាហានិភ័យចំពោះសុខភាពនោះទេ។ តាមលោកគ្រួ សំបូរ សោភ័ណ្ឌ ជាម្ចាស់មេដៃមាសពិភពលោកបាននិយាយថា មានផលិតផលមួយចំនួនជាថ្នាំសម្រកគីឡូ វាអាចធ្វើឱ្យផលប៉ះពាល់ដល់សុខភាពផងដែរ។ ដោយសារបទពិសោធន៍ក្នុងគ្រួសារ(ម្នាក់) ធ្លាប់ប្រើថ្នាំសម្រកគីឡូនេះ វាធ្វើឱ្យគាត់មិនសូវហេវបាយ និងហូបបាយមិនបានគ្រប់គ្រាន់ ដើម្បីចិញ្ចឹមសារពាង្គកាយ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ សម្រាប់អ្នកថ្នាំនេះ ជួយអ្នកឱ្យសម្រកគីឡូបានលឿនពិតមែន តែពេលអ្នកឈប់ប្រើវា ឬអស់ជាតិថ្នាំ រាងកាយរបស់អ្នកនឹងមានការធាត់លើសដើម និងមានជំងឺផងដែរ។

លោកគ្រួសំបូរ សោភ័ណ្ឌបានបន្តថា បើអ្នកចង់សម្រកគីឡូមានសុខភាពល្អ អ្នកគួរហាត់ប្រាណ និងហូបអាហារតាមធម្មតា រួចកាត់បន្ថយអាហារមិនល្អ(ជាតិខ្លាញ់)ចេញម្តងបន្តិចៗ។ អ្នកគួរហូបអាហារតិចៗ មួយថ្ងៃបីពេល មានបន្ថែ ផ្លែឈើ និងសាច់មាន់ សាច់គោ ដើម្បីថែរក្សាសុខភាព។ ការហាត់ប្រាណ អ្នកគួរហាត់រត់ ធាក់កង់ ដើរម៉ាស៊ីន និងលើកទម្ងន់… ទោះបីវាស្រកតិចៗ តែទៅថ្ងៃអនាគត អ្នកនឹងឃើញផលល្អ និងមានសុខភាពរឹងមាំផងដែរ។

ការប្រើថ្នាំសម្រកនេះ តាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី បាននិយាយថា ថ្នាំបញ្ចុះគីឡូទាំងអស់នេះ មិនដែលទទួលស្គាល់ដោយ USSDA នោះទេ មកពីវាគ្មានសុពលភាព និងគ្មានគុណភាពសម្រាប់អ្នក។ លោកវេជ្ជបបណ្ឌិតបានបន្តថា មកពីគេមិនឱ្យផឹកថ្នាំសម្រកគីឡូ ធ្វើឱ្យប៉ះពាល់ដល់សុខភាពដូចជា ខូចថ្លើម ខូចសួត និងធ្វើឱ្យបេះដូងយើងដំណើរការមិនបានល្អ… បើអ្នកចង់ហូបថ្នាំនេះ លុះត្រាអ្នកទៅជួបពេទ្យ ឱ្យពេទ្យពិនិត្យតាមដានពីការប្រើប្រាស់ និងសុខភាពរបស់អ្នក។ កាលពីច្រើនមុន ថ្នាំប្រភេទនេះមានច្រើន ត្រូវបានគេបញ្ឈប់លែងឱ្យប្រើ ដោយសារគេរកឃើញសារធាតុធ្វើឱ្យខូចបេះដូង ខូចថ្លើម និងមានផលប៉ះពាល់ដល់សរសៃឈាមថែមទៀត…។

ការប្រើថ្នាំសម្រកគីឡូភាគច្រើន វាមិនល្អចំពោះសុខភាពទេ។ បើអ្នកចង់ប្រើថ្នាំនេះ ត្រូវទៅជួបវេជ្ជបណ្ឌិត ឱ្យមានការតាមដានពីសុខភាពរបស់អ្នក ពីព្រោះវាបង្កឱ្យសុខភាពកើតជំងឺផ្សេងៗផងដែរ។ ប្រភព៖ Healthy-Cambodia