លោក ជិន ម៉ាលីន ៖ របាយការណ៍អង្គការលើកលែង ទោសអន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស នៅកម្ពុជាគ្មានអ្វីថ្មីឡើយ គឺយកពីវិទ្យុបរទេស ប្រឆាំងរដ្ឋាភិបាល

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា របាយការណ៍របស់អង្គការ លើកលែងទោសអន្តរជាតិ (Amnesty International) អំពីសិទ្ធិមនុស្សនៅកម្ពុជា គ្មានអ្វីថ្មីនោះទេ ពោលគឺសឹងតែទាំង អស់យកចេញពីការផ្សាយវិទ្យុបរទេស មាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល និងចម្លងចែកចាយតៗគ្នា។

ថ្មីៗនេះ អង្គការលើកលែងទោសអន្តរជាតិ បានចេញរបាយការណ៍ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីឆ្នាំ២០២០ ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរ រំលោភបំពានទៅលើប្រជាពលរដ្ឋ សង្គមស៊ីវិល អតីតគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយជាដើម។

ជាការឆ្លើយទៅនឹង អង្គការលើកលែងទោសអន្តរជាតិ លោក ជិន ម៉ាលិន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុ កផ្ទាល់ខ្លួន នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ថា «របាយការណ៍របស់ Amnesty International អំពីសិទ្ធិមនុស្ស នៅកម្ពុជា គ្មានអ្វីថ្មីនោះទេ ពោលគឺ សឹងតែទាំងអស់យកចែញពីការផ្សាយរបស់វិទ្យុបរទេស ដែលមាននិន្នាការ ប្រឆាំងនឹងរដ្ឋាភិបាល និងចម្លងចែកចាយតៗគ្នា ពីរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវីល ក្នុងស្រុកមួយក្តាប់តូច ដែលគេផ្តល់លុយឱ្យ ដើម្បីធ្វើសកម្មភាពនយោបាយក្រោមរូបភាព និងហេតុផលសិទ្ធិមនុស្ស នេះបើពិនិត្យលើឯកសារ យោងក្នុងរបាយការណ៍នេះ»។

លោក បន្ដថា ចំណែកឯរបាយការណ៍ និងឯកសារផ្លូវការ ការពន្យល់ បកស្រាយ និងឆ្លើយតបបំភ្លឺ របស់រដ្ឋាភិបាលជាសាធារណៈ នាពេលកន្លងមក មិនត្រូវបានគេយកមកពិចារណាបន្តិចណាសោះឡើយ។ តើពួកបរទេសទាំងនេះគេចង់បានអ្វីឱ្យពិតប្រាកដ ពីការចេញរបាយការណ៍បំផ្លើសខុសពីការពិតបែបនេះ?

ជាការឆ្លើយតប បញ្ហាខាងលើនេះ អ្នកនាំពាក្យ ធ្វើការផ្សព្វផ្សាយឡើងវិញ នូវរបាយការណ៍ស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជាឆ្នាំ២០២០ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាភាសាខ្មែរ និងអង់គ្លេស ដែលបានចេញផ្សាយ កាលពីខែកុម្ភៈ កន្លងទៅនេះ៕
ប្រភព៖​​ TNAOT