ចូលរួមរំលែកទុក្ខ!! ស្នងការរងខេត្តព្រះវិហារម្នាក់មានផ្ទុកជំងឺកូវីដ-១៩ ហើយបានទទួលមរណភាព

8

លោកវរសេនីយ៍ឯក ចៅ ស៊ីផន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលឆ្លងជំងឺកូវីដ១៩ បានទទួលមរណភាព នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមលិខិតរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ផ្ញើជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែឧសភា។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានបញ្ជាក់ថា លោកវរសេនីយ៍ឯក ចៅ ស៉ីផល បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ធ្វើតេស្ដសាកសព របស់មណ្ឌលសុខភាពទឹកថ្លា បង្ហាញថា វិជ្ជមានជំងឺកូវីដ១៩។

កន្លងមកលោកវរសេនីយ៍ឯក ចៅ ស៉ីផន មានជំងឺប្រចាំកាយ ទឹកនោមផ្អែម និងលើសឈាមបណ្ដាលឲ្យស្លាប់មួយចំហៀងខ្លួន ត្រូវបានអង្គភាពអនុញ្ញាតឲ្យសម្រាកព្យាបាលនៅផ្ទះប្អូនស្រីបង្កើត នៅខេត្តសៀមរាប តាំងពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ នៅពេលស្ថានភាពជំងឺទ្រុងទ្រោមខ្លាំង ត្រូវបានបងប្អូនបញ្ជូនទៅសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។

ដូច្នេះមរណៈភាពរបស់លោកវរសេនីយ៍ឯក ចៅ ស៉ីផល មិនមានការពាក់ព័ន្ធជាមួយមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនោះទេ៕