បទបញ្ជាថ្មី អ្នកទៅលេងតាមបណ្តាខេត្តតម្រូវធ្វើចត្តាឡីស័ក ចំពោះតែករណី១នេះប៉ុណ្ណោះ

យោងតាមសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបិទបញ្ចប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចជាការបិទបញ្ចប់សម្រាប់ការធ្វើដំណើរឆ្លងខេត្តតាំងពីរយៈពេលកន្លងមកម្លេះ។ យ៉ាងណាមិញ ក្នុងពេលបិទបញ្ចប់នេះរាជរដ្ឋាភិបាលក៏បានផ្ដល់អំណាចទៅឱ្យអភិបាលខេត្តរាជធានី ដើម្បីគ្រប់គ្រងសភាពការណ៍តាមភាពជាក់ស្ដែង។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា “ប៉ុន្តែខ្ញុំបែរជាពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បំរាមរហូតទៅដល់កម្រិត សម្រាប់ប្រជាពលរដ្ឋដែលចូលទៅកាន់ខេត្តខ្លួនចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ” ដែលការធ្វើដូច្នេះវាស្មើនឹងការបិទប្រទេសឡើងវិញទៅហើយ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន មានអនុសាសន៍ថា យើងត្រូវធ្វើការគ្រប់គ្រង និងធ្វើចត្តាឡីស័កលើអ្នកដែលសង្ស័យមានហានិភ័យថា អាចនឹងមានកូវីដ‑១៩ ដើម្បីយកសំណាក ហើយឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ ការធ្វើដូច្នេះលើប្រជាជនហាក់ដូចជានៅក្នុងទ្រង់ដដែរ។

ទន្ទឹមនេះគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សូមឯកឧត្តម លោកជំទាវ តាមបណ្ដាខេត្តដែលបានចេញសេចក្ដីសម្រេចហួសទៅហើយ ត្រូវទៅកែប្រែសេចក្ដីសម្រេចនោះឡើងវិញជាបន្ទាន់ ដើម្បីសម្រួលឱ្យមានជាចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ។

ជាការពិតណាស់ ការធ្វើចត្តាឡីស័កនេះ គឺចង់សំដៅឱ្យកែសម្រួលសេចក្ដីសម្រេចតែប៉ុណ្ណោះ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន បើមិនដូច្នេះទេគ្រប់ខេត្តនីមួយៗដាក់ចត្តាឡីស័ក ១៤ថ្ងៃ ដែលវាមិនខុសពីការចែកប្រទេសកម្ពុជាជា ២៥ប្រទេសនោះទេ ដែលមានន័យថា ឆ្លងពីខេត្តមួយទៅខេត្តមួយត្រូវធ្វើចត្តាឡីស័ក បើបែបនេះ តើប្រជាជនត្រូវរស់នៅយ៉ាងណា? ការធ្វើបែបនេះ វាធ្វើឱ្យគាំងក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រជាជនតែម្ដង។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចគាំទ្រឱ្យអនុវត្តវិធានការទន់ភ្លន់ ដូចជារាជធានីភ្នំពេញជាតំបន់ក្ដៅត្រូវអនុវត្តវិធានម៉ឺងម៉ាត់ទន់ភ្លន់ និងខេត្តព្រះសីហនុអនុវត្តវិធានម៉ឺងម៉ាត់ទន់ភ្លន់ផងដែរ។

មកស្តាប់ប្រសាសន៍សម្តេចនៅខាងក្រោមនេះ៖